រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម នៅរោងចក្រ Green Tree (Cambodia) Garment Co., Ltd មានទីតាំងស្ថិតនៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក និងកម្មករ កម្មការិនី ប្រមាណជាង ៥០នាក់។
គោលបំណងនៃពិធីប្រជុំផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំងសុខភាព ជូនដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក និងកម្មករនិយោជិត។
ឯកឧត្តម ម៉េង ហុង បានមានប្រសាសន៍ថា ចាប់តាំងពីដំណើរការដំបូង រហូតមកដល់ត្រីមាសទី១ ឆ្នាំ២០១៨ នេះ ប.ស.ស បានចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន សរុបចំនួន ១១ ៦៩៦ សហគ្រាស ដែលមានកម្មករនិយោជិតសរុបចំនួន ១ ៤៥២ ៣៤១នាក់ (ស្រី ៨៧៧ ១១៧នាក់)។ ដោយឡែកសម្រាប់ត្រីមាសទី១នេះ ប.ស.ស បានទទួលចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន ចំនួន ៨៤៧សហគ្រាស មានកម្មករនិយោជិត ចំនួន ១៧ ០២៥នាក់ (ស្រី ៨ ៩៣១នាក់)។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវចេះថែរក្សាសុខភាព សុវត្ថិភាពការងារ និងអនាម័យឱ្យបានល្អ និងត្រូវបរិភោគអាហារដែលមានជីវជាតិ ត្រូវខិតខំបំពេញការងារ និងចូលរួមថែរក្សាផងដែរ ព្រោះសហគ្រាស គ្រឹះស្ថាន គឺជាឆ្នាំងបាយរបស់បងប្អូនកម្មករនិយោជិត និងត្រូវតែជៀសវាងការចូលក្នុងក្រុមបក្សពួកបងតូច-បងធំ ដែលបង្កឱ្យមានចលាចលនៅក្នុងសង្គម។
ជាចុងបញ្ជប់ ឯកឧត្តមសំណូមពរឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីប្រើប្រាស់សិទ្ធិ៥ឆ្នាំម្តង ក្នុងការជ្រើសមេដឹកនាំរបស់ខ្លួន។