ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា សម្រាប់កំណត់គោលដៅអត្តសញ្ញាណជូនកម្មករនិយោជិត នៃបេឡាជាតិរបបសន្តិសុខសង្គម បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ ស្តីពីនីតិវិធី និងយន្តការនៃការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅសាលាខេត្តឧត្តរមានជ័យ។
ពិធីប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នឹងមានការអញ្ជើញចូលរួមពីស្នងការរងខេត្តឧត្តរមានជ័យ លោកអធិការ លោកអធិការរងស្រុកទាំង៤ ក្រុង១ និងតំណាងនិយោជក នាយកសហគ្រាស គ្រឹះស្ថាន ប្រមាណជា ៨៥នាក់។
កិច្ចប្រជុំខាងលើ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបកិច្ចសហការរវាង ប.ស.ស និងនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃក្រសួងមហាផ្ទៃ ក៏ដូចជាផ្សព្វផ្សាយការងារសម្រេចបាន និងយន្តការនៃការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនសមាជិក ប.ស.ស ។ ម្យ៉ាងទៀតការផ្សព្វផ្សាយនេះនឹងមានបទបង្ហាញអំពីវឌ្ឍនៈភាពថ្មីៗ នៃប្រព័ន្ធព័ត៌មានវិទ្យាដែលមានដូចជា ប្រព័ន្ធជូនដំណឹងហានិភ័យការងារ ONLINE និងប្រព័ន្ធណាត់មន្ទីរពេទ្យតាម ONLINE (Booking Appointment Online) ផងដែរ។