រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ បានរៀបចំកិច្ចប្រជុំលើកទី៩ អាណត្តិទី៤ ស្តីពីការពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងខ្លឹមសារ នៃប្រកាសលេខ ១០៩ ក.ប/ប្រ.ក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ស្តីពីតាវកាលិកថែទាំសុខភាព និងប្រកាសស្តីពីសេវាស្តារនីតិសម្បទា សម្រាប់របបសន្តិសុខសង្គមផ្នែក ហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដែលប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម សេង សក្តា ប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក នៃក្រុមប្រឹក្សាភិបាលទាំងអស់ នៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានជូនពរដល់សមាជិកនៃក្រុមប្រឹក្សាភិបាល មន្ត្រី និងបុគ្គលិក នៃបេឡាជាតិរបបសន្តិសុខសង្គម និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ព្រមទាំងបងប្អូនកម្មករ កម្មការិនីទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាពទាំងទៅទាំងមក និងជូបជុំក្រុមគ្រួសារប្រកបដោយក្តីសប្បាយរីករាយ។